ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការអនុវត្តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ នៅសាលប្រជុំទេពឧញ្ញ៉ាឃ្លាំងមឿង ។
ការបង្កើតក្រុមការងារនេះឡើង គឺដើម្បីពង្រឹងប្រសិទ្ធភាព និងពន្លឿនការងារផ្តល់សេវាអត្តសញ្ញាណកម្ម ដោយផ្តោតលើគោលដៅសំខាន់ៗ ចំនួន២៖
ទី១-ប្រជាពលរដ្ឋទូទៅ៖ ធានាឱ្យពួកគាត់ទទួលបានអត្តសញ្ញាណបណ្ណ និងឯកសារចាំបាច់នានាបានទាន់ពេលវេលា។
ទី២-ពលករវិលត្រលប់៖ យកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឯកសារស្របច្បាប់ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ និងការរកការងារធ្វើក្នុងស្រុក។