ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំក្រោមប្រធានបទ «ការពង្រឹងរបៀបរបបការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល» ក្រោមអធិបតីភាព លោក ហៃ ធូរ៉ា ប្រធានមន្ទីរ ដោយមានការចូលរួមពី លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ លោកប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងលោក លោកស្រីមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលទាំងអស់ សរុបចំនួន ១៨រូប ស្រី ២រូប។
ជាលទ្ធផលនៃអង្គប្រជុំ លោកប្រធានមន្ទីរបានដាក់ចេញនូវការណែនាំ និងអនុសាសន៍សំខាន់ៗដូចខាងក្រោម៖
របៀបរបបការងារ និងសាមគ្គីភាព៖ មន្ត្រីទាំងអស់ត្រូវអនុវត្តការងារប្រកបដោយសុវត្ថិភាព គោរពតាមបទដ្ឋានគតិយុត្ត និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង។
របាយការណ៍ និងវិន័យ៖ ត្រូវធ្វើការមានរបាយការណ៍ និងរាយការណ៍តាមឋានានុក្រម រាល់ការអនុវត្តការងារត្រូវមានការពិភាក្សា ឆ្លងយោបល់ និងសិក្សាច្បាប់ទម្លាប់ឱ្យបានច្បាស់លាស់ ជៀសវាងការធ្វើការតាមអារម្មណ៍។
វិធានការចំពោះអាជីវករអត់ច្បាប់៖ ចំពោះករណីអាជីវករមួយចំនួនដែលមិនព្រមគោរពតាមការណែនាំ ឬគ្មានអាជ្ញាបណ្ណ និងមិនព្រមសហការសុំច្បាប់អនុញ្ញាត លោកប្រធានបានផ្តល់នូវអនុសាសន៍ឱ្យមន្ត្រីមានសមត្ថកិច្ចអនុវត្តតាមនីតិវិធី ជូនដំណឹង ណែនាំ ថតរូបភាពភស្តុតាង ធ្វើកំណត់ហេតុ ម្ដងជាពីរដង រាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងសម្រេច។