ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) និងមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ប្រធាន និងមន្ត្រីនៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីកសិកម្មឃុំ សរុបចំនួន ១៥នាក់ ស្រី ៣នាក់។ កិច្ចប្រជុំទទួលបានលទ្ធផលដូចជា៖ ១.ពិនិត្យវឌ្ឍនភាពនៃការផ្តល់ព័ត៌មានទទួលពាក្យស្នើសុំការគាំទ្រពីគម្រោង កំណត់បញ្ហាប្រឈម និងដំណោះស្រាយ ២.ពិនិត្យ និងរៀបចំយន្តការវាយតម្លៃជុំទី១ និង៣.ពិភាក្សារៀបចំក្រុមការងារចុះវាយតម្លៃជុំទី២។ កិច្ចការបន្តក្រុមការងារនឹងចុះពិនិត្យដល់ទីតាំងជាក់ស្តែងក្នុងឃុំគោលដៅរបស់គម្រោងចំនួន ៣ រួមមាន ឃុំស្នាមព្រះ ឃុំត្រពាំងជង និងឃុំខ្នារទទឹង ដើម្បីកំណត់ទីតាំងបង្កើតសហគមន៍កសិកម្មទំនើប ចុះផ្សព្វផ្សាយ និងជំរុញបន្ថែមលើការបំពេញ និងទទួលពាក្យស្នើសុំការគាំទ្រពីគម្រោងដល់ប្រជាជនដែលមិនទាន់បានដាក់ពាក្យ និងមិនទាន់បានទទួលព័ត៌មានពីគម្រោងបានគ្រប់ជ្រុងជ្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម